សារពីនាយកស្ថាប័ន

Message from director តាង​នាម​វិទ្យា​ស្ថាន​ស៊ី​តិក​ ខ្ញុំ​មាន​កិត្ដិ​យស​ដ៏​ឧត្ដុង្គ​ឧត្ដ​ម​ ជម្រាប​ជូន​ អ្នក​សិក្សា​ ឱ្យ​បាន​ជ្រាប​ថា​ វិទ្យា​ស្ថាន​ស៊ីតិ​ក​ គឺ​ជា​គ្រឹះ​ស្ថាន​ឧត្ដ​ម​សិក្សា​មួយ​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​លើ​ការ​បណ្ដុះ​ប​ណ្ដាល​ជំនាញ​បច្ចេក​វិទ្យា​ព័ត៌មាន​វិទ្យា​ និង​ឌីហ្ស៉ាញ​ (​ប្លង់​ និង​រចនា​)​។​ វិទ្យាស្ថាន​ស៊ីតិក​ មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ ដែល​ជា​តំបន់​ប្រជុំ​ទៅ​ដោយ​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​ ពោល​គឺ​ផ្ដល់​​ភាព​ងាយ​ស្រួល​សម្រាប់​ការ​ស្វែង​រក​ពី​សំណាក់​អ្នក​សិក្សា​ និង​អ្នក​ពាក់​ព័ន្ធ​។​

វិទ្យា​ស្ថាន​ស៊ី​តិក​ មាន​អាគារ​និង​បន្ទប់​សិក្សា​មាន​បំពាក់​សម្ភារ​បរិក្ខា​សិក្សា​គ្រប់​គ្រាន់​សម្រាប់​បំពេញ​ឱ្យ​ការ​សិក្សា​មាន​ភាព​រលូន​ រួម​មាន​ម៉ាស៊ីន​ត្រជាក់​ LCD​ Projector​ បណ្ណាល័យ ​e-book​ និង​ video training​ ជាដើម។ វិទ្យា​ស្ថាន​មាន​សាស្ដ្រា​ចារ្យ​មាន​បទ​ពិសោធន៍​ សញ្ញា​បត្រ​ខ្ពស់ និង​វិជ្ជាជីវៈ​លើ​ការ​បង្រៀន។​

វិទ្យាស្ថាន​ស៊ីតិក​មាន​ការិយាល័យ​សិក្សា និង​សេវា​និស្សិត ដែល​ជំរុញ​ដល់​និស្សិត​នៅ​ឆ្នាំ​ចុងក្រោយ​មានឱកាស​ចុះ​ធ្វើ​ការងារ​តាម​ក្រុមហ៊ុន អង្គការ និង​ស្ថាប័ន​ផ្សេងៗ ទៅតាម​ភាពខ្លាំង​របស់ពួកគេ។ កិច្ចការ​នេះ​ធ្វើឱ្យ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ពី​វិទ្យាស្ថាន​ស៊ីតិក​ភាគច្រើន​មានការ​ងារ​ធ្វើ​ភ្លាមៗ ដែល​ស្រប​នឹង​ពាក្យស្លោក៖ «ចាប់ផ្ដើម​ការសិក្សា​ជាមួយ​យើង បញ្ចប់​ជាមួយ​ឱកាស​ការងារ»។

វិទ្យាស្ថាន​ស៊ីតិក​ទទួល​បាន​ការទទួលស្គាល់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការទទួលស្គាល់​គុណភាព​អប់រំ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ដើម្បី​ឆ្លើយតប​នឹង​ការវិវឌ្ឍន៍​របស់​ប្រទេស និង​សង្គម វិទ្យាស្ថាន​ប្ដេជ្ញា​អភិវឌ្ឍ​លើ៖
• ការអភិវឌ្ឍ​កម្មវិធីសិក្សា​ឱ្យ​កាន់តែ​ប្រសើរឡើង
• ការពង្រឹង​គុណភាព​នៃ​សម្ភារៈ​សម្រាប់​កិច្ចការ​សិក្សា
• ការជ្រើស​រើស​សាស្ដ្រាចារ្យ​ល្អៗ​ដែល​អាចធានា​គុណភាព​ការបង្រៀន​ឱ្យ​និស្សិត​មានសមត្ថភាព​ជាង​អ្នកដទៃ។

ជាទី​បញ្ចប់ ខ្ញុំ​មាន​សង្ឃឹម​ថា​គុណភាព​បណ្ដុះបណ្ដាល​របស់​វិទ្យាស្ថាន​នឹង​ឈានដល់​កម្រិត​អភិវឌ្ឍន៍ និង​សូម​ជូន​ពរ​អ្នកសិក្សា​ទាំងអស់​ឱ្យ​មាន​អនាគត​រុងរឿង!